(ភ្នំពេញ)៖ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ប្រតិកម្មទៅនឹងការលើកឡើងរបស់ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋសភា ដែលបានចោទថា កម្មករធ្វើពុតជាឈឺ ដើម្បីកេងបន្លំប្រាក់ ប.ស.ស ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលរដ្ឋ។
លោក សោម អូន បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី៣ ខែតុលានេះថា៖ «ឯកឧត្តម ឈាង វុន គួរបង្ហាញឯកសារផ្កូវការដែលចោទថា កម្មករបានក្លែងធ្វើពុធជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស។
ម្យ៉ាងទៀតឯកឧត្តមគួរតែកែសម្រួលពាក្យដោយនិយាយត្រឹមថា“ កម្មករខ្លះរឺមួយចំនួនតូច ” បានហើយ ពីព្រោះការប្រើពាក្យ “ កម្មករ” គឺវាទូទៅពេកនាំអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករជាង១លាននាក់ ហើយភាគច្រើនបំផុតដែលពួកគាត់ល្អ»។
គួរជម្រាបថា ឯកឧត្តម ឈាង វុន កាលពីម្សិលមិញបានលើកឡើងថា ប្រាក់ចំណូលរដ្ឋត្រូវបានបាត់បង់តាមរយៈការឃុបឃិតក្លែងបន្លំ ពាក់ព័ន្ធនឹងអ្នកដែលធ្វើពុតជាឈឺ ដើម្បីទទួលបានការឈប់សម្រាកពីការងារ។
ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ និងអ្នកជំងឺឃុបឃិតគ្នាដោយការចែកលុយដែលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយគ្រូពេទ្យចេញវិក្កយបត្រសម្រាប់ការព្យាបាល៕ swiftnewsdaily