(ភីអិន)ខេត្តបន្ទាយមានជ័យ ៖ មន្ដ្រីមានសមត្ថកិច្ចថ្នាក់លើៗដូចជាអភិបាលខេត្ត ឬអភិបាលស្រុក ជាដើម មេត្តាជួយអន្តរាគមន៍ក៏ដូចជួយរកយុត្តិធម៌ ដល់ស្ដ្រីមេម៉ាយកូន៧នាក់ដែលប្ដីគាត់ជាអតីតមន្ដ្រីនគរបាលវរសេនាតូចលេខ៩១១ បានស្លាប់ទៅ បន្សល់ទុកដីទំហំជាងកន្លះហិចតាគ្រាន់នឹងបង្កបង្កើនផលចិញ្ចឹមកូន
តែមកដល់ពេលនេះបែរជាលេចចេញនូវសញ្ញាមិនប្រក្រតីពីសំណាក់មេភូមិទួលប្រាសាទដែលគាត់រស់នៅនិងចៅសង្កាត់ប៉ោយប៉ែត ហាក់ឃុបឃិតគ្នាចង់ធើសុីដីនោះហើយ ដោយសារឃើញម្ចាស់ដីជាស្ដ្រីមេម៉ាយមេព្រៅទន់ខ្សោយកូន៧នាក់ក្នុងបន្ទុក ដោយមិនព្រមចេញប័ណ្ណឲ្យគាត់នោះទេ មានការលើកហេតុផលយ៉ាងនេះយ៉ាងនោះមិនចេះចប់មិនចេះហើយនោះឡើយ ។
ស្ដ្រី ឈ្មោះ នាង ស្រីម៉ៅ ជាស្ដ្រីមេម៉ាយកូន៧នាក់អតីតភរិយារបសព លោក ទី វណ្ណថន មន្ត្រីនគរបាលវរសេនាតូចលេខ៩១១ បានឲ្យដឹងថា បច្ចុប្បន្នលោកស្រីរស់នៅ ភូមិទំនប់ ក ៥ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែ លោក សុខ កុយ
មេភូមិទួលប្រាសាទ និង លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត មិនព្រមធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី ទំហំជាង៥ពាន់ម៉ែតការ៉េ ដែលគាត់បាននឹងកំពុងអាស្រ័យផលតាំងពីឆ្នាំ២០០០មកពោលតាំងពីស្វាមីរបស់លោកស្រីនៅរស់ម្ល៉េះ ។
ស្ដ្រីឈ្មោះ នាង ស្រីម៉ៅ បានរៀបរាប់ថា កាលពីឆ្នាំ២០០០ លោក អ៊ូច ធឿន ជាមេកើយរបស់ស្វាមីគាត់ បានចែកដីចំការចំនួន៣ហិកតា ឲ្យស្វាមីលោកស្រី គ្រប់គ្រងនិងអាស្រ័យផលរហូតមកដល់បច្ចុប្បន្ននេះ។
លោក អ៊ូច ធឿន បច្ចុប្បន្នជាមេបញ្ជាការរងវរការពារព្រំដែនលេខ៩១១ បានឲ្យ ដឹងថា កាលឆ្នាំ២០០០គាត់មានតួនាទីជា មេបញ្ជាការកងពលធំលេខ១ វរសេនាតូចលេខ៩១១ ឈរជើងនៅសង្កាត់ប៉ោយប៉ែត ដោយមើលឃើញដីទំនេរ ស្ថិតនៅក្បែរបន្ទាយកងអនុសេនាធំ លោកក៏បានបែងចែកដីឲ្យមន្ត្រីរបស់ខ្លួនគ្រប់ៗគ្នាដើម្បីកាន់កាប់អាស្រ័យផលចិញ្ចឹមជីវិត ដោយឡែកមន្ត្រីរបស់លោកឈ្មោះ ទី វណ្ណថន បានទទួលដីទំហំ៣ហិកតា ដូចមានក្នុងលិខិតបញ្ជាក់ស្រាប់។
ប្រភពបន្ដថា ក្រោយទទួលបានដីមន្ត្រីរបស់លោកបានទៅធ្វើពាក្យស្នើសុំកាន់កាប់ពីអាជ្ញាធរមូលដ្ឋានបានគ្រប់ៗគ្នា ដោយឡែកឈ្មោះ ទី វណ្ណថន ប្ដីរបស់ នាងស្រី ម៉ៅនេះ បានកាប់ឆ្កាអាស្រ័យផលលើដីនោះ តែមិនដឹងយ៉ាងម៉េចទើបគ្មានពាក្យស្នើសុំកាន់កាប់ដីដូចគេទៅវិញ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះទៅសុំអាជ្ញាធរ តែអាជ្ញាធរមិនព្រមធ្វើឲ្យ ទោះបីលោកចេញលិខិតបញ្ជាក់ឲ្យយ៉ាងណាក្តីក៏អាជ្ញាធរភូមិឃុំ មិនព្រមទៀត។
ឈ្មោះ នាង ស្រីម៉ៅ បានបន្ថែមថា ដោយសារជីវភាពខ្វះខាត ថែមទាំងស្វាមីធ្លាក់ខ្លួនឈឺទៀត ទើបលោកស្រីនិងស្វាមី បានលក់ដីខ្លះ ដោយមានមេភូមិធ្វើលិខិតបញ្ជាក់ដឹងលឺទៀតផង និងមាន ឈ្មោះ នុត ថា បច្ចុប្បន្នជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត បានលួចលក់ដីគាត់ខ្លះទៀតផងដែរ តែបច្ចុប្បន្ននៅសល់ជាក់ស្តែងត្រឹម៥,៥៥៨ម៉ែតការ៉េដែរ (ដោយមានជំនាញសុរិយោដីវាស់ដោយGPSត្រឹមត្រូវ) ដែលលោកស្រីកំពុងអាស្រ័យផល ដាំដំណាំ និងបានធ្វើរបងលួសព័ទ្ធជុំវិញត្រឹមត្រូវទៀតផង។
ប្រភពដដែលបន្ដថា បន្ទាប់ពីស្វាមីអ្នកស្រីបានស្លាប់ អ្នកស្រីបានទៅជួបមេភូមិ និងចៅសង្កាត់ដើម្បីស្នើសុំធ្វើពាក្យកាន់កាប់ដី ប៉ុន្តែ លោក សុខ កុយ មេភូមិទួលប្រាសាទ មិនព្រមបញ្ជាក់ឲ្យទេ ពេលខ្លះក៏ទារលុយនិងសុំយកដីខ្លះជាថ្នូរ ប៉ុន្តែថ្មីៗនេះលោកមេភូមិបានអះអាងថា ដីនោះមិនហ៊ានបញ្ជាក់ឲ្យទេ ព្រោះជាដីរបស់ អ្នកធំម្នាក់ក្នុងខេត្តបន្ទាយមានជ័យទៅវិញ។
លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត ក៏ធ្លាប់បានប្រាប់ឈ្មោះ នាង ស្រីម៉ៅ ថា មូលហេតុដែលគាត់មិនព្រមធ្វើពាក្យកាន់កាប់ដីឲ្យ ព្រោះដីនោះ ជារបស់ អ្នកធំម្នាក់ក្នុងខេត្ត ដូចលោកមេភូមិដែរ ប៉ុន្តែ ថ្មីៗនេះ លោកចៅសង្កាត់ លែងហ៊ាននិយាយដូចមុនទៀតហើយ បែរជាប្រាប់ថា ដីនោះជារបស់អ្នកនៅភ្នំពេញទៅវិញ
ថែមទាំងមានប្លង់រឹងទៀតផង ប៉ុន្តែ លោកចៅសង្កាត់មិនហ៊ានបង្ហាញប្លង់រឹងនិងឈ្មោះម្ចាស់ប្លង់រឹងនោះ ដល់អ្នកយកព័ត៌មានទេ ហាក់ដូចជាខ្លាចៗ អំណាច និងទឹកប្រាក់នរណាម្នាក់ ដោយសន្យាថានឹងកោះហៅតំណាងម្ចាស់ប្លង់រឹង មកដោះស្រាយគ្នាថ្ងៃមុខ។ ស្រាប់តែ៤ថ្ងៃក្រោយមក លោកចៅសង្កាត់ក៏ប្រែចិត្ត ព្រមផ្តល់លិខិតទិញលក់ដី ២សន្លឹក ដែលឈ្មោះ នាងស្រីម៉ៅ និង ស្វាមីបានលក់។
បន្ទាប់ពីឃើញលិខិតទិញលក់ដីនោះ ឈ្មោះ នាង ស្រីម៉ៅ បានទទួលស្គាល់ថា ពិតជាបានលក់ដីឲ្យអ្នកទាំងនោះមែនក្នុងចំណោម៣ហិកតានោះ មានទាំងមេភូមិ សុខ កុយ ធ្វើលិខិតបញ្ជាក់ដឹងលឺទៀតផង បន្ទាប់ពីទិញដីរួច អ្នកទិញបានចុះវាស់វែងធ្វើរបងត្រឹមត្រូវទៀតផង គឺមិនពាក់ព័ន្ធដីនៅសល់ជាង៥ពាន់ម៉ែតការ៉េនោះទេ។
ឈ្មោះ នាង ស្រីម៉ៅ បានអំពាវនាវដល់ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិខេត្តបន្ទាយមានជ័យ សូមមេត្តាជួយស្វែងរកការពិត និង អន្តរាគមន៍ឲ្យអាជ្ញាធរមូលដ្ឋាន លោក សុខ កុយ មេភូមិទួលប្រាសាទ និង លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត ជួយធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីឲ្យបានស្របច្បាប់ជូនស្ដ្រីមេម៉ាយកូន៧ម្នាក់នេះដូច គ្រួសារគេដ៏ទៃទៀត៕