ស្ត្រីម្នាក់មកពីក្រុង Xuzhou ខេត្ត Jiangsu ប្រទេសចិន បានដាក់ពាក្យប្ដឹងបុរសដឹកជញ្ជូនម្នាក់ដែលបានដឹកស្រោមអនាម័យដែលនាងបានកុម៉្មង់ទិញមកយឺតពេល ដែលជាលទ្ធផលធ្វើឲ្យនាងមានផ្ទៃពោះ ។
ស្ត្រីម្នាក់ដែលគេស្គាល់ថាឈ្មោះ Su ត្រូវបានឲ្យដឹងថា កាលពីខែមុន មិត្តប្រុសរបស់នាងបានមកលេងផ្ទះរបស់នាង ។ ក្នុងអំឡុងពេលនោះ ពួកគេទាំងពីរមានបំណងចង់រួមភេទ ប៉ុន្តែ Su បានចាប់អារម្មណ៍ថា នាងមិនមានស្រោមអនាម័យឡើយ នេះបើតាមសារព័ត៌មាន China Press បានបញ្ជាក់ ។
ក្រោយមក Su ក៏បានធ្វើការកុម្ម៉ង់ទិញស្រោមអនាម័យតាម app លើទូរស័ព្ទដៃរបស់នាង ប៉ុន្តែគេបានបញ្ជាក់ថា ការស្នើទិញរបស់នាងអាចចំណាយពេល ២០ នាទីទើបទៅដល់ ។
ខណៈកំពុងរង់ចាំ នាងបានសម្រេចចិត្តចូលងូតទឹក ប៉ុន្តែការកុម៉្មង់របស់នាង ត្រូវបានពន្យាពេលបន្ថែម ដោយសារតែអាកាសធាតុមិនល្អ ។
ស្ត្រីរូបនោះ និងមិត្តប្រុសរបស់នាង ហាក់អស់ការអត់ធ្មត់ ក៏សម្រេចចិត្តរួមភេទដោយគ្មានការការពារ ។ អ្នកដឹកជញ្ជូនបានមកដល់ផ្ទះរបស់ Su ក្នុងពេល ២៨ នាទី ក្រោយនាងបានដាក់ស្នើទិញ ។
មួយខែក្រោយមក Su មានការភ្ញាក់ផ្អើល ក្រោយរូបនាងដឹងថា នាងកំពុងមានផ្ទៃពោះ ។ ស្ត្រីរូបនេះ ក៏បានដាក់ពាក្យប្ដឹងបុរសជាអ្នកដឹកជញ្ជូនរូបនោះ ទាមទារសំណងចំនួន ៣០ ០០០ យ័ន (៤ ២០៦ ដុល្លារ) ។ នាងបានចោទអ្នកដឹកជញ្ជូនរូបនោះថា «បើលោកមកទាន់ពេល រឿងហេតុនេះក៏មិនអាចកើតឡើងដែរ» ។
ទោះជាយ៉ាងណាក៏ដោយ បុរសជាអ្នកជញ្ជូនរូបនោះបានបដិសេធមិនសងសំណងដែលនាងទាមទារឡើយ ដោយលោកនិយាយថា «ខ្ញុំមិនចង់ជជែកវែកញែកជាមួយនាងទេ» ៕ ប្រជាប្រិយ