សាកសពរបស់តារាបង្ហាញម៉ូត Playboy មួយរូបត្រូវគេប្រទះឃើញបោះចោលនៅក្នុងបន្ទប់រង់ចាំនៃប្លុកផ្ទះល្វែងមួយនៅទីក្រុងបាងកក។ យោងតាមរបាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា សាកសព នាង Thitim ‘Bell’ Noraphanpiphat ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ ទី១៧ កញ្ញា។
មន្រ្តីប៉ូលិសមកពីប៉ុស្តិ៍ប៉ូលិ Bukkhalo បាននិយាយថា ពួកគេកំពុងរង់ចាំរបាយការណ៍ស្តីពីការធ្វើកោសល្យវិច័យ ហើយបានបន្ថែមថា ពួកគេមិនបញ្ចេញឈ្មោះជនសង្ស័យណាមួយទេ។
ហេតុការណ៍នេះកើតឡើង បន្ទាប់ពីវីដេអូមួយបានបង្ហាញបុរសម្នាក់លើកនាង Thitim ចេញពីជណ្តើរយន្ត មុនពេលយកសពទៅផ្លុងចោលនៅមុខអគារផ្ទះល្វែងរបស់នាង។
គេនៅមិនទាន់ច្បាស់ទេថាតើនាង Thitim អាយុ ២៥ ឆ្នាំ បានស្លាប់ហើយឬយ៉ាងណាទេ នៅពេលឃ្លីបវីដេអូនោះត្រូវបានថត។ ប៉ូលិសសាកសួរបុរសម្នាក់ ដែលអះអាងថាបានយកនាង Thitim ទៅផ្ទះរបស់នាង បន្ទាប់ពីនាងស្រវឹងខ្លាំងពេកនៅក្នុងពិធីមួយនៅកន្លែងធ្វើការ មិនអាចចាំអាសយដ្ឋានផ្ទះនាងបានទេ។
បុរសនោះបាននិយាយថា គាត់ទុកឱ្យតារានោះដេកនៅលើគ្រែរបស់គាត់ ហើយតេហៅមិត្តភក្តិរបស់នាងម្នាក់ឱ្យមកយកនាងទៅផ្ទះ។ តាំងពីពេលនោះមកគាត់ត្រូវបានដោះលែង ហើយនិយាយថាគាត់មិនបានធ្វើអ្វីខុសទេ។
នាង Thitim មានអ្នកគាំទ្រជាង ៧៣.០០០ នាក់នៅលើបណ្តាញសង្គម Instagram នៅគ្រាដែលនាងស្លាប់។
នៅលើប្រវត្តិរូបផ្ទាល់ខ្លួនរបស់នាង Thitim និយាយថានាងគឺជាស្រីទន្សាយបង្ហាញម៉ូតម្នាក់ក្នុងចំណោមស្រីទន្សាយបង្ហាញម៉ូតចំនួន ៤០ នាក់សម្រាប់ទស្សនាវដ្តី Playboy Thailand ឆ្នាំនេះ៕