ភ្នំពេញ ​៖​ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃនេះ​កំពុងតែ​កើតមាន​ប្រធានបទ​ក្តៅ​លើ​តារា​ស្រី​នាង ស្រី​ម៉ុ​ច ជុំវិញ​ករណី​នៃ​ការ​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​លេចចេញ​តំបន់​ពិសេស​ដែល​ជា​កេរ្តិ៍​ម្តាយ​ចែក​ឲ្យ។ ខណៈ​ដែល​នាង​បាន​បង្ហាញ​វត្តមាន​ដើរ​កាច់​រាង​នៅក្នុង​កម្មវិធី​របស់​ហា​ង​ថែរក្សា​សម្ផស្ស​មួយ​នា​រាជធានី​ភ្នំពេញ។

ករណី​របស់​ស្រី​ស្រស់​កូន​៣​នាង​ស្រី​ម៉ុ​ច បច្ចុប្បន្ន​បានក្លាយ​ទៅជា​ប្រជា​បទ​ក្តៅ​និង​ការរិះគន់​ជាច្រើន​ពី​សំណាក់​មហាជន​ថែមទាំង​សម្តី​ជេរប្រមាថ​ធ្ងន់ៗ​ទៅលើ​តារា​ស្រី​រូប​នេះ។ មិនតែប៉ុណ្ណោះ​ក៏​មាន​ការ​ទទូច​ ដោយ​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ត្រូវតែ​មាន​វិធានការ​ក្តៅ​ និង​ការព្រមាន​បិទផ្លូវ​សិល្បៈ​ចំពោះ​តារា​ស្រី​នាង ស្រី​ម៉ុ​ច ផងដែរ​។​

ទន្ទឹមគ្នា​ជាមួយ​ការ​ស្នើ​សុំ​ដល់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ស្រប​ពេល​ការរិះគន់​កំពុងតែ​បាញ់​ចាក់​ស្រោច​យ៉ាង​គំហុក​នេះ​ដែរ​ ក៏​ស្រាប់​តែ​មាន​ប្រភព​បង្ហើប​ថា ស្រី​ម៉ុ​ច ពិតជា​មិនអាច​គេច​ផុត​ពី​ការព្រមាន​របស់​ក្រសួង​ឡើយ។ ម្យ៉ាង​ទៀត​ ពេលនេះ​ខាង​ក្រសួង​កំពុងតែ​សិក្សា​ និង​រៀបចំ​ឯកសារ​ដើម្បី​កោះហៅ​នាង​ទៅ​ដុសក្អែល​ចេញ​ម្តង​ដើម្បី​ជា​ការ​ព្រមាន​ដល់​តារា​ស្រី​ឯទៀត​កុំ​ឲ្យ​យក​គំរូ​អាក្រក់​ដើម​តាម​តារា​ស្រី​រូបនេះ​។​

ដោយឡែក​​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​លោក ថៃ នរៈ​សិ​ត្យា​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​ ក្រសួង​ពិតជា​បានដឹង​ចំពោះ​រឿង​នេះ ​តែ​ដោយសារ​ពេលនេះ​កៀក​ទៅ​នឹង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដូច្នេះ​ក្រសួង​មិនទាន់​ធ្វើ​សកម្មភាព​ដើម្បី​កោះហៅ ស្រី​ម៉ុ​ច មក​អប់រំ​ឬ​ដាក់​ពិន័យ​នៅឡើយ​ទេ។ ប៉ុន្តែ​អាច​អំឡុង​ពេល​បោះឆ្នោត​រួច​ខាង​ក្រុម​ព្រឹក្សា​វិន័យ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នឹងធ្វើ​ការប្រជុំ​សិក្សា​លើ​ករណី​កោះអញ្ជើញ​តារា​ស្រី​សិច​ស៊ី ស្រី​ម៉ុ​ច មក​អប់រំ​ឬ​ដាក់ពិន័យ​សិល្បៈ​ទៅតាម​ភាពជាក់ស្តែង​។​

សូមបញ្ជាក់ថា​តារា​សម្ដែង​ល្បីល្បាញ​ខាង​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​គល់​សុដន់ និង​សាច់​ភ្លៅ​មិន​ខ្វល់​ពី​ការរិះគន់ ឬ​ចំណាត់ការ​របស់​ក្រសួង​នាង ស្រី​ម៉ុ​ច ថ្មីៗ​នេះ ត្រូវបាន​ទស្សនិកជន​ខ្មែរ​ស្ទើរ​មួយ​ប្រទេស ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​សកម្មភាព​នៃ​ការ​ស្លៀកពាក់​សិច​ស៊ី ឡើង​បង្ហាញ​លើ​ឆាក​នៃ​ការប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ​។​
​ការរិះគន់​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​វីដេអូ និង​រូបថត​នៃ​ការ​ស្លៀកពាក់​សិច​ស៊ីក្នុង​ឈុត​រូប​វែង​បញ្ចេញ​ខោ​លី​អូ​របស់​តារា​ស្រី​នាង​ស្រី​ម៉ុ​ច​ត្រូវបាន​បង្ហោះ​ចែករំលែក​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រោងព្រាត​។ វីដេអូ​និង​រូបថត​របស់​អ្នកនាង ស្រី​ម៉ុ​ច នេះ ត្រូវ​បា​ផ្សព្វផ្សាយ​ក្រោយពេល​នាង​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ជំនួប​តារា​ល្បីៗ​រៀបចំឡើង​ដោយ​ហាង​កែ​សម្ផស្ស​ល្បីឈ្មោះ​ក្នុងស្រុក​មួយ​៕​