កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីចោរមួយក្រុមមានគ្នា២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព។ តាមរយៈខ្សែវីដេអូ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពស្ត្រីម្នាក់ បានកំពុងតែរៀបចំផ្កានៅមុខហាង ស្រាប់តែរំពេចនោះមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1HC-7234 បានមកឈប់មុខហាង ដើម្បីមើលសភាពការណ៍។

មួយសន្ទុះក្រោយមកមានជនសង្ស័យម្នាក់ទៀតជិះម៉ូតូម៉ាកស៊ុយសាគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1GX-5652 បានមកឈប់ពីក្រោយ បន្ទាប់មកជនសង្ស័យជិះម៉ូតូហុងដាឌ្រីម បានត្រលប់ក្រោយជិះសភាពការណ៍ម្តងទៀត រួចជនសង្ស័យជិះម៉ូតូនិច ក៏បានចាប់ផ្តើមធ្វើសកម្មភាពឆក់បានសម្រេច ហើយជិះគេចខ្លួនបាត់តែម្តង។ ក្រុមចោរ២នាក់នេះពិតជាព្រហើនមែនទែន ដែលហ៊ានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទាំងតាមផ្លូវសុទ្ធតែមនុស្សអ៊ូអរធ្វើដំណើរបែបនេះ៕