ខេត្តត្បូងឃ្មុំ ៖ គ្រោះធម្មជាតិច្រាំងទន្លេមេគង្គបាក់បានស្រុតក្នុងរដូវវស្សាមកដល់ផ្លូវបេតុងដែលក្រសួងអភិវឌ្ឈន៍ជនបទបានសាងសង់ហើយ នៅព្រឹកថ្ងៃទី០១ កញ្ញានេះ ស្ថិតនៅភូមិកំពង់ឫស្សី ឃុំជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ ។
ក្នុងនោះតម្រូវឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋ០១ខ្នង ត្រូវបានរំកិលចេញជាបន្ទាន់ទៅរកកន្លែងថ្មីឆ្ងាយពីច្រាំងទន្លេ ចំនែកផ្ទះមួយចំនួនទៀតក៏ត្រៀម និងរុះរើ ហើយអាជ្ញាធរបានរកគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់កុំឲ្យបាក់ច្រាំងបង្កមហន្តរាយធំ ។
ស្ត្រីឈ្មោះ ឆាយ ស៊ីថា អាយុ៥៧ឆ្នាំ ប្រាប់ឲ្យដឹងថា គាត់បានសាងសង់ផ្ទះឈើ នៅតាមជួរដងទន្លេមេគង្គហើយ ចម្ងាយពីផ្ទះទៅដល់មាត់ទន្លេជាង៣០ម៉ែត្រ តែដោយគ្រោះធម្មជាតិពីមួយឆ្នាំទៅមួយឆ្នាំច្រាំងបានបាក់បន្តបន្ទាប់មកដល់ឆ្នាំ២០១៩
ដល់ផ្លូវបេតុង ដែលក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើហើយនៅពេលយប់ៗគាត់សម្រាន្តមិនលក់នោះទេ ចេះតែបារម្ភខ្លាចច្រាំងបាក់មកដល់ផ្ទះមិនដឹងជាទៅរស់នៅទីណា ព្រោះគ្មានលុយទិញដីនឹងគេ ។
ស្ត្រីឈ្មោះស៊ីថា ប្រាប់បន្តទាំងទឹកភ្នែកបង្ហូរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកទន្លេបានហក់ឡើងហើយយប់ៗមានរថយន្តធំៗដឹកស៊ីម៉ងត៍ និងទំនិញផ្សេងៗ ពេលបើកបរលើផ្លូវបេតុងជាប់ផ្ទះគាត់ឡើងញ៉រញ្ចួយបន្ទាប់មកបានបាក់ដីច្រាំងឡើងគ្រាំងៗ ។
ជាមួយនោះគាត់ក៏សូមស្មើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាប្រញាប់ប្រញាល់ចុះមកជួយដល់តំបន់ដែលគាត់រស់នៅ ធ្វើយ៉ាងណាជួយការពារកុំឲ្យច្រាំងបាក់បន្តទៀត ហើយជីវភាពខ្វះខាត មិនដឹងថា តើត្រូវរកលុយឯណាមកទិញដីនៅកន្លែងថ្មី ដូច្នេះមានតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទេ ដែលជាម៉ែឪដល់កូនចៅនោះ ។
លោកហ៊ិន សុខន ហៅឡូ វ័យ៤៤ឆ្នាំ នៅភូមិកំពង់ឫស្សី ប្រាប់ថាដំបូងផ្ទះគាត់នៅមាត់ទន្លេលក់គុយទាវ ហើយត្រូវបានច្រាំងទន្លេបាក់មកជិតដល់ក៏រុះមកនៅកន្លែងថ្មី
មិនទាន់បានប៉ុន្មានផងច្រាំងបានបាក់មកជិតដល់ដោយបាក់ម្តង២ម៉ែត្រ នៅល្ងាចថ្ងៃទី៣១ សីហា ២០១៩ បានជួលក្រុមជាងឲ្យមករៀបចំយកគោយន្ត៤គ្រឿងមកស្ទូចអូសយកផ្ទះទៅដាក់នៅកន្លែងថ្មីដោយគេទារឈ្មួលតម្លៃ៧០០ដុល្លារ ។
ហើយនៅថ្ងៃទី០១ កញ្ញា និងត្រូវដឹកចល័តចេញ ដើម្បីយកទៅដាក់នៅដីរបស់អ្នកភូមិមួយកន្លែងដែលគេឲ្យស្នាក់នៅជាបណ្តោះអាសន្នសិន ប្រសិនណាបើមិនប្រញាប់រុញចេញបន្ទាន់ទេនោះ ផ្ទះអាច និងត្រូវបាក់ចូលទន្លេមិនខានឡើយ ។
លោកអាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តវិញបានប្រាប់ថា ផ្លូវបេតុងចាប់ពីឃុំទន្លេបិទដល់ស្រុកក្រូចឆ្មារប្រវែង៤៥គីឡូម៉ែត្រ ត្រូវបានកសាងដោយក្រសួងអភិវឌ្ឈន៍ជនបទក្រោមការចង្អុលបង្ហាញពីលោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមដងទន្លេ ។
គ្រោះធម្មជាតិទឹកទន្លេក្នុងរដូវវស្សាបានឡើងមកធ្វើឲ្យបាក់ច្រាំងដល់ផ្លូវបេតុងត្រង់ចំនុចភូមិកំពង់ឫស្សី ឃុំជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ រូបលោក និងសហការីបានចុះពិនិត្យមើលនាព្រឹកថ្ងៃទី០១ កញ្ញានេះជាមួយនោះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ្រោះមហន្តរាយ
និងលោករដ្ឋមន្ត្រីក្រសួងធនធានទឹកបានកំពុងដឹកសម្ភារៈមកដល់ត្រង់កន្លែងបាក់ច្រាំង ដើម្បីច្រកខ្សាច់ក្នុងបាវ នៅព្រឹកថ្ងៃទី០២ កញ្ញា ដើម្បីទប់ទល់ និងការបាក់ច្រាំងបន្តទៀត ៕ កោះសន្តិភាព