(ម៉ូស្គូ)៖ សារព័ត៌មាន​អង់គ្លេស The Guardian បានរាយការណ៍​ថា រដ្ឋាភិបាលអង់គ្លេស​គ្រោងនឹងបញ្ជូននាវាផ្ទុក​យន្ដហោះចម្បាំងរបស់ខ្លួន មកកាន់​តំបន់ប៉ាស៊ីហ្វិក ដើម្បីចូលរួមជា​មួយអូស្ត្រាលី ក្នុងការដឹកនាំ​សេរីភាពការធ្វើនាវាចរ​ នៅក្នុងតំបន់​សមុទ្រ​ចិនខាង​ត្បូង ជាទីដែលចិន​កំពុងពង្រីក​ឥទ្ធិពលយោធា។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

យោង​តាម The Guardian កាលពី​សប្ដាហ៍មុន​រដ្ឋមន្ត្រីការពារជាតិ​អូស្ត្រាលី លោកស្រី Marise Payne និងរដ្ឋមន្ត្រី​ការបទេស លោកស្រី Julie Bishop បានពិភាក្សា​ស្ដីពីការចូលរួមក្នុង​ប្រតិបត្តិការនាវាចរ នៅឯតំបន់មហាសមុទ្រ​ប៉ាស៊ីហ្វិកជា​មួយរដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស លោក Gavin Williamson នៅអំឡុងកិច្ច​ប្រជុំរយៈពេលពីរ​ថ្ងៃ ក្នុងប្រទេស​ស្កុតឡែន។ ជាមួយ​គ្នានោះ រដ្ឋមន្ត្រី​ទាំងនេះក៏បានលើកឡើង​ផងដែរពី​បទដ្ឋាន និងអនុសញ្ញា​អន្តរជាតិ នៅតំបន់​ប៉ាស៊ីហ្វិក ព្រមទាំងការគំរាមកំហែង​ដល់សណ្ដាប់ធ្នាប់​អន្តរជាតិ។

គួរបញ្ជាក់ថា បើទោះជាមិនបាន​បញ្ជាក់ចំៗថា ​ការគំរាមកំហែង​ជាអ្វីក៏ដោយ តែគេដឹងថា​រដ្ឋមន្ត្រីទំាងបីចង់សំដៅ​លើសកម្មភាព និង​ការពង្រីកឥទ្ធិពល​របស់ចិន នៅតំបន់សមុទ្រ​ចិនខាងត្បូង។ ចំណែកឯ​នាវាផ្ទុកយន្ដហោះ​ចម្បាំង​អង់គ្លេស ដែល​គេរំពេងថា នឹងត្រូវបញ្ជូនមកកាន់​តំបន់ជម្លោះ​នេះ​គឺនាវា HMS Queen Elizabeth៕

ប្រភព៖ freshnews