ថៃ៖ បុរសជាអតីតប្រធានភូ​មិម្នាក់ត្រូវបានតុលាការថៃសម្រេចផ្ដន្ទាទោសប្រហារជីវិតជុំវិញករណីរំលោភ ហើយសម្លាប់ក្មេងស្រីសិស្សសាលាម្នាក់ ដែលគាត់បានប្រព្រឹត្តិកាលពីប៉ុន្មានឆ្នាំមុន។  អតីតប្រធានភូមិរូបនេះមានឈ្មោះថា Krittidech Rawengwan អាយុ៣៦ឆ្នាំ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះថា Ruadeewan អាយុ១៨ឆ្នាំ ​ជាសិស្សសាលាម្នាក់។

សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ អតីតប្រធានភូមិ Ban Si Than ដែលជាភូមិដាច់ស្រយ៉ាលមួយនៅភាគខាងជើងប្រទេសថៃរូបនេះ បានធ្វើសកម្មភាពចាប់រំលោភស្រ្តីជនរងគ្រោះ ខណៈនាងជិះម៉ូតូត្រលប់មកពីរៀនវិញ។ ហើយបន្ទាប់ពីធ្វើសកម្មភាពរួច គាត់បានរត់គេចខ្លួនបាត់ តែយ៉ាងណាក្តីខាងអាជ្ញារថៃ បានបើកការស៊ើបអង្គេត និងអាចតាមចាប់ខ្លួនបុរសរូបនេះឲ្យមកទទួលទោសទាល់តែបាន។

បន្ទាប់ពីចាប់ខ្លួន តុលាការបានសម្រេចឃុំខ្លួនគាត់មួយរយៈ ហើយរហូតមកទល់នឹងពេលនេះ ទើបតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិតតែម្តង និងត្រូវសងជំងឺចិត្តជាប្រាក់មួយចំនួនទៅឲ្យគ្រួសារជនរងគ្រោះផងដែរ។ ចំណែកឯខាងគ្រួសារជនរងគ្រោះវិញហាក់មិនទាន់ពេញចិត្ត ១០០% ចំពោះការសម្រេចរបស់តុលាការនេះទេ ដោយពួកគាត់ចង់ឲ្យមានការប្រហារជីវិតរបស់ម្នាក់នេះភ្លាមៗតែម្តង ទើបពួកគាត់អស់ចិត្ត៕