តាមប្រភពពី Mirror News បានរាយការណ៍ពីការវិភាគវែកញែករបស់អ្នកស្រុកក្នុងខេត្តប៉ាពួរខាងលិច ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងសម្រុកចូលកសិដ្ឋានចិញ្ចឹមក្រពើ មុននឹងប្រើអាវុធ មានទាំងឈើ ចប ជីក សម្លាប់ក្រុមក្រពើសរុប ៣០០ក្បាល ព្រោះខឹងគុំគួនដែលកសិដ្ឋានខាងលើមានទីតាំងជិតទីប្រជុំជនជាហេតុធ្វើអោយលោក ស៊ូគីតូ អាយុ ៤៨ឆ្នាំ ដែលកំពុងដើររកស្មៅយកទៅចិញ្ចឹមសត្វ ភ្លាត់ស្នៀតធ្លាក់ចូលទៅក្នុងស្រះក្រពើ ហើយត្រូវក្រពើស៊ីកាលពីថ្ងៃសុក្រកន្លងមក។

ហេតុការណ៍ដ៏គួរអោយតក់ស្លុតនេះកើតឡើង ក្រោយពីក្រុមអ្នកស្រុកជាច្រើនសិបនាក់បានសម្រុកចូលទៅកសិដ្ឋានចិញ្ចឹមក្រពើរបស់អ្នកជំនួញម្នាក់នៅលើកោះសូរ៉ង បន្ទាប់ពីអូសក្រពើទាំងក្បាលដែលធំពេញវ័យនិងកូនក្រពើដែលស្នាក់នៅក្នុងស្រះទឹកខាងក្នុងកសិដ្ឋានចេញមកវាយសំពងហើយចិញ្ច្រាំទាល់តែងាប់នៅក្នុងថ្លុកឈាម។

តាមរយៈវីដេអូដែលអ្នកថតបានបង្ហាញអោយឃើញពីបុរស 2-3 នាក់ ប្រើចបវាយក្បាលក្រពើមួយក្បាលដែលមានខ្សែចងជាប់នឹងមាត់ ហើយមានប្រវែងប្រហែល ២ម៉ែត្រ ហើយក្រពើព្យាយាមលូនគេច តែក្រុមបុរសនោះនៅតែតាមទៅវាយបន្តនៅទីបំផុតក្រពើក៏ងាប់ទៅ។

ខាងប៉ូលីសដែលបានទទួលបណ្ដឹងបានចុះមកកាន់កសិដ្ឋានខាងលើ តែមិនអាចហាមឃាត់ក្រុមអ្នកស្រុកដែលមានចំនួនជាច្រើនបាន រហូតដល់ការសម្លាប់ក្រពើជាក្រុមត្រូវបានបញ្ចប់ទើបប៉ូលីសចូលទៅត្រួតពិនិត្យឃើញថា មានក្រពើត្រូវបានសម្លាប់ ២៩២ក្បាល ក្រៅពីនេះប៉ូលីសបានសួរចម្លើយអ្នកស្រុក សាក្សី ព្រមទាំងរួបរួមភ័ស្តុតាងហើយថាអាចមានការចោទប្រកាន់ពីរឿងក្ដីនេះ។

ខណៈពេលដែលបណ្ដារអ្នកលេងអ៊ិនធើណែតនាំគ្នាបញ្ចេញមតិយ៉ាងក្ដៅគគុកមួយចំនួននិយាយថា អ្នកស្រុកគ្រាន់តែត្រូវការសងសឹកអោយមនុស្សដែលត្រូវក្រពើស៊ី តែភាគច្រើនថ្កោលទោសថាជាទង្វើហួសហេតុ ធ្វើបាបដោយវិធីសម្លាប់យ៉ាងឃោរឃៅរនិងធ្វើទារុណកម្មសត្វទៀត៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!