ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃ​ទ​២១ ខែសីហា ឆ្នាំ​២០១៩​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្តស្វាយរៀង ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង

បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជនបរទេស នៅ​ទីតាំង​អគារ​គ្មាន​លេខ មាន​កម្ពស់​៨​ជាន់​មួយកន្លែង ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង បានធ្វើការ​ត្រួតពិនិត្យ​លើ​ជនបរទេស​ចំនួន​៣៦៦​នាក់ ក្នុងនោះ​មាន​ស្ត្រី​៨២​នាក់ និង​វៀតណាម​ម្នាក់ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជា​លទ្ធផល សមត្ថកិច្ច​កម្ពុជា​បាន​រកឃើញ​មាន​បុរស ស្ត្រីជន​ជាតិចិន​ចំនួន​២៧​នាក់​ចូលមក​ស្នាក់នៅ​និង​ធ្វើការ​ដោយ​ពុំមាន​ឯកសារ​ផ្លូវច្បាប់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៦​នាក់​ផងដែរ

ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​របស់​សមត្ថកិច្ច​នគរបាល​ប្រទេស​ចិន ហើយ​បាន​ឃាត់ខ្លួន​បញ្ជូនមក​នាយក​ដ្ឋា​ន ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្តន៍​តាម​នីតិវិធី ។​

​ប្រភព​ដដែល​បាន​បន្តថា ជនបរទេស​(​ចិន​) ចំនួន​៣៣៩​នាក់ (​ស្រី ៧៦​នាក់​) ដែល​មិនមាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ជី​របស់​សមត្ថកិច្ច​ចិន ក្រុម​ប្រតិបត្តិការ​ចម្រុះ បានសម្រេច​ទុក​រយៈពេល​មួយ​សប្តាហ៍ ឲ្យ​អ្នកទទួលខុសត្រូវ​ក្រុមហ៊ុន​យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច​កម្ពុជា​ឲ្យ​ទាន់ពេល​កំណត់​។​

​ក្រោយមក សមត្ថកិច្ច​ក៏បាន​ប​ញ្ចូ​ន​ជនសង្ស័យ​ជនជាតិ​ចិន ដែល​សមត្ថកិច្ច​ចិន​តាមរក​នោះ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ កាលពី​យប់មិញ​ដល់​ក្នុង​វេលា​ម៉ោង​១២​យប់ ៕​ CEN