កំពង់ធំ៖ គួរឲ្យអាណិតខ្លាំងណាស់ដោយក្មេងៗដែលមានក្រុមគ្រួសារជីវភាពមិនធូរធារ ជាកូនអ្នកកសិករខិតខំសិក្សារៀនសូត្រនៅក្នុងសាលាបំប៉នមួយនៅទីដាច់ស្រយាលដែលជាកោះ សិ្ថតនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ដោយយោងតាមការបង្ហោះពីសំណាក់គណនីហ្វេសប៊ុកឈ្មោះ Tara Om បានឲ្យដឹងថាសព្វថ្ងៃនេះគឺក្មេងៗកំពុងប្រឈមកង្វះខាតសម្ភារៈសិក្សា ព្រោះនៅដាច់ស្រយ៉ាល ពុំសូវមានអ្នកទៅដល់។ ដើម្បីទៅរៀនសាលារដ្ឋ ក្មេងៗទាំងនោះត្រូវជិះទូកម៉ាស៊ីនតាមដងទន្លេសាបរយៈពេល ២ម៉ោង ទើបទៅដល់សាលា ដោយសារពិបាករឿងធ្វើដំណើរនេះពេក អ្នកភូមិក៏បានសំរេចបង្កើតថ្នាក់រៀនមួយនៅក្នុងភូមិនេះឡើង ហៅថា”ថ្នាក់បំប៉ន” បង្រៀនដោយគ្រូស្ម័គ្រចិត្តក្នុងភូមិម្នាក់។ សំរាប់ថ្នាក់ទី១ ទី២ រៀនតាមសៀវភៅសាលារដ្ឋ ចំពោះថ្នាក់ទី៣ ដល់ទី៦ គឺរៀនតាមសៀវភៅអប់រំក្រៅប្រពន្ធ័ (កម្មវិធីសង្ខេប) សិស្សនៅសាលានោះសរុប ៥៥នាក់ ។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានបន្តថា ដើម្បីទៅកាន់ភូមិទួលនាងសាវនេះ គេត្រូវជួលទូកម៉ាស៊ីនជិះពីឆ្នុកទ្រូ (កំពង់ឆ្នាំង) កាត់ទន្លេសាបរយៈពេលជិត៣ម៉ោងបានទៅដល់ ។ លោកនឹងនាំជំនួយសម្ភារៈសិក្សាខ្លះទៅជួយនៅចុងខែកក្កដា ឬដើមខែសីហា ប៉ុន្តែសម្ភារៈសិក្សាដែលមានតិចតួចមិនអាចបំពេញកង្វះខាតរបស់ក្មេងៗបានទេ ដូច្នេោះហើយក៏ត្រូវការជំនួយពីសប្បុរសជន។ ក្នុងសិស្សម្នាក់ត្រូវការសៀវភៅសរសេរ១០ក្បាល (២០០ទំពរ័) ប៊ិចខៀវ៣ដើម ខ្មៅដៃបីដើម បន្ទាត់មួយ ជរ័លុបមួយ សំរាប់ពួកគាត់ប្រើ១ឆ្នាំសិក្សា។ បងប្អូនអាចទិញសម្ភារៈទាំងនេះហើយដាក់មួយថង់ៗតម្រូវកុមារម្នាក់ៗដែលបងប្អូនអាចឧបត្ថម្ភបានសំរាប់សប្បុរសជនដែលមានបំណងចង់ជួយពួកគាត់សូមទាក់ទងមកក្រុមការងារតាមលេខ 089 330 276៕

(រូបភាព Group LDH/NRM )