ផ្ទុះការភ្ញាក់ផ្អើលក្រោយក្មេងៗ ទាំង ១២ និងគ្រូបង្វឹក ដែលបាត់ខ្លួនអស់ពេល ៩ថ្ងៃ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ ត្រូវបានរកឃើញកាលពីយប់ថ្ងៃទី ០២ កក្កដា ឆ្នាំ ២០១៨ ម្សិលមិញនេះ ។  ខណៈដែលក្មេងៗ ដែលបាត់នៅមានជីវិតរស់រានទាំង ១៣ រូប ជាហេតុបណ្ដាលឲ្យមហាជនមានការត្រេកអរ និងសម្តែងការអបអរជាខ្លាំង។ យ៉ាងណាមិញ ជាមួយគ្នានេះផងដែរ ក៏មានការសរសើរនូវទឹកចិត្តគ្រូបង្វឹកដែលជួយបង្កើនស្មារតីក្មេងៗ ដែលអត់អាហារ ឲ្យបានបន្តជីវិត។

ជាក់ស្ដែង ដោយយោងតាមកាសែតព័ត៌មានថៃ បានឲ្យដឹងថា កំឡុងពេលដែលជាប់ក្នុងនោះហើយអត់អាហារ គ្រូបង្វឹករូបនេះបានសុខចិត្តឲ្យអាហារដែលមានសេសសល់ជាប់ខ្លួនទៅក្មេងៗ បរិភោគ ដោយទុកខ្លួនឯងត្រឹមតិចតួចប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានផ្តល់ពាក្យណែនាំអោយក្មេងៗដេកនៅស្ងៀមកុំកក្រើក ដើម្បីកុំអោយរាងកាយប្រើប្រាស់ថាមពលច្រើន ហើយផឹកតែទឹកដែលធ្លាក់មកពីលើជញ្ជាំងរូងភ្នំបានហើយ។ ទង្វើរទាំងអស់នេះ ពិតជាបានធ្វើឲ្យមហាជនដក់ជាប់ក្នុងចិត្ត និងសរសើរដោយស្មោះចំពោះទឹកចិត្តរបស់គ្រូបង្វឹកវ័យ ២៥ឆ្នាំរូបនេះ៕