(ភ្នំពេញ)៖ ក្មេងប្រុសអាយុ​ ១៤ឆ្នាំម្នាក់ ខណៈដែលខ្លួនមានជំងឺសរសៃប្រសាទ​ ត្រូវបានម្តាយដែលមានសតិមិនប្រក្រតីនោះ​ សម្លាប់នៅក្នុងបន្ទប់ទឹកពិតជាអាណោចអធ័ម។ ហេតុការណ៍ភ្ញាក់ផ្អើកនេះបានកើតឡើងកាលពីវេលាម៉ោង​ ៨និង១០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភំ្នពេញ​។

ស្រ្តីដែលជាម្តាយវាយសម្លាប់កូនខ្លួនឯងមានឈ្មោះ ស អ៊ាង អាយុ ៤០ឆ្នាំ មុខរបរ​ នៅផ្ទះ មានជម្ងឺសរសៃប្រសាទ និងមានប្តីឈ្មោះ វ័ន្ត រួន អាយុ ៤៥ឆ្នាំ មុខរបរ​ កម្មកររោងចក្រ មានកូនប្រុស​ ២នាក់ក្នុងបន្ទុក កូនដែលត្រូវម្តាយវាយសម្លាប់នោះមានឈ្មោះ វ័ន្ត ភារុណ ភេទប្រុស អាយុ​ ១៤ឆ្នាំ មានជំងឺសរសៃប្រសាទដូចគ្នា ជាកូនទី១រស់នៅក្នុងបន្ទប់ជួលខាងលើ មានស្រុកកំណើតភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ​ Fresh News ដឹងថា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្តីរបស់ខ្លួនចេញទៅធ្វើការបាត់ហើយនោះ​ កូនប្រុសម្នាក់ទៀត ក៏បានចេញទៅសាលារៀនដែរ​ ស្រាប់តែពេលនោះ​ ក៏លឺសូរមាត់កូនប្រុសរងគ្រោះបានឈ្លោះ និងជេរម្តាយ ហើយម្តាយក៏ជេរវិញ រួចក៏ស្ងាត់មាត់បាត់ទៅមក។

មួយសន្ទុះ​ ក្រោយមក ស្រ្តីដែលជាម្តាយនោះ​ បានចាក់សោរបន្ទប់ពីក្រៅ រួចដើរចេញ​ មកយកកូនសោរផ្ញើរ ផ្ទះក្បែរនោះ ហើយប្រាប់គេឯងថា គាត់បានវាយកូនស្លាប់បាត់ហើយ ជួយមើលបន្ទប់ផង។ ភ្លាមៗនោះ​ គាត់បានទៅប្តឹងប៉ូលីស​ ខណៈពេលទៅដល់ប៉ុស្តិ៍ប៉ូលិស​ គាត់បានប្រាប់ថា​ គាត់បានសម្លាប់កូនប្រុសរបស់គាត់ហើយ ពេលនោះ​ គ្មានអ្នកណាម្នាក់ជឿថាមានរឿងបែបនេះកើតឡើងទេ រហូតដល់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅចាក់សោទ្វារបន្ទប់មើល ស្រាប់តែប្រទះឃើញកូនប្រុសម្នាក់នោះស្លាប់ក្នុងបន្ទប់ទឹកពិតប្រាកដមែន។
ក្រោយពីកើតហេតុ​ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីដែលជាម្តាយ​បានវាយសម្លាប់កូនប្រុសខ្លួននោះ​ និងបានសាកសួរពីដំណើររឿងហេតុ។ ភ្លាមៗនោះ​ ស្រ្តីដែលជាម្តាយ បាននិយាយរៀបរាប់ថា គាត់ខឹងនឹងកូនប្រុសខាងលើ ដែលបានវាយគាត់ ទើបគាត់យកអង្រែវាយទៅលើកូនវិញ និងយកកាំបិតទៅកាប់នៅក្នុងបន្ទប់ទឹករហូតដល់កូនប្រុសរបស់គាត់ស្លាប់បាត់ ហើយក៏បានចាក់សោរទ្វារពីក្រៅ រួចក៏ដើរទៅប្តឹងប៉ូលីសតែម្តង។ ចំណែកឯ​ស្ត្រីដែលជាម្តាយនោះ​ ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីវិតិច្បាប់។ រឺឯសពកូនប្រុសខាងលើ​ ត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕