ភ្នំពេញ៖ នៅ​ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ស្ថិត​ក្នុងភូមិ២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ដែល​កំពុងដំណើរការ​សាងសង់​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ឆក់យក​ជីវិត​កម្មក២នាក់ភ្លាមៗ និង​បង្ក​ឲ្យ​កម្មករ៥នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​កើតមាន​ករណី​បាក់​បេតុង​ប្លង់​សេ​នៅ​ជា​ន់ទី២៣ សង្កត់​លើ​កម្ម​ករទាំង៧នាក់ ខណៈ​កំពុងធ្វើការ។ជនរងគ្រោះ​ចំនួន៥នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយ​កើតហេតុ​បាក់​ប្លង់​សេ​ខាងលើនេះ ខណៈ​មនុស្ស២នាក់ បាន​បាត់​ខ្លួន​រក​មិនឃើញ។ ជនរងគ្រោះ ដែល​រងរបួស​ទាំង៥ រួមមាន ទី១.ជាង នឿន របួស​ជើង, ទី២.ជាង ផាត របួស​ជើង, ទី៣.ជាង រិ​ទ្ធ របួស​ស្មា, ទី៤.ស្រី លន ភេទ​ស្រី របួស​ស្មា និង​ទី៥.ស្រី របួស​កែងដៃ។

ដោយឡែក ជនរងគ្រោះ២នាក់​ផ្សេងទៀត ដែល​បាន​បាត់​ខ្លួន ហើយ​ទើប​រកឃើញ​សាកសព ក្រោម​កិច្ច​អន្តរាគមន៍​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្មករ​អស់​ប្រហែល​ជិត១០ម៉ោង​នោះ រួមមាន ទី១ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ទី២ឈ្មោះ នាម ហ៊ីង ភេទ​ប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ភូមិ​គោក​រុន ឃុំ​ប៉ុប​ប៉ែន ខេត្តសៀមរាប។

ថ្ងៃកើតហេតុ​ខាងលើ ក្រុម​ជាង​ប្រមាណ​ជាង១០នាក់ បាននាំគ្នា​ចាក់​ប្លង់​សេ​នៅ​ជា​ន់ទី២៣ ប៉ុន្តែ​មិនទាន់​បញ្ចប់​នោះទេ។ លុះ​វេលា​រសៀល ក៏​បន្ត​បាញ់​បេតុង​ចាក់​ប្លង់​សេ​បន្តទៀត ស្រាប់តែ​បាក់​រន្ទារ​ធ្លាក់​ប្លង់​សេ​សង្កត់​ក្រុមកម្មករ និង​ជាង បណ្ដាល​ឲ្យ​រងរបួស៥នាក់ និង​បាត់​ខ្លួន២នាក់ ដោយ​ជាប់​នៅក្រោម​ប្លង់​សេ​នោះ​តែម្ដង។

អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​ទាំង​អភិបាលក្រុង​ភ្នំពេញ លោក ឃួ​ង ស្រេង និង​ចៅហ្វាយខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត រួម​នឹង​មន្ត្រី​តុលាការ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ផងដែរ ហើយ​ក្រុម​ជាង​បាននាំគ្នា​ដាប់​គាស់​បេតុង ដើម្បី​រុករ​កជាង​ដែល​បាត់​ខ្លួន​នោះ​អស់​ជាច្រើន​ម៉ោង រហូតដល់​ម៉ោង​ប្រមាណ១០យប់​ថ្ងៃ​ដដែល ទើប​រកឃើញ​សាកសព​ជនរងគ្រោះ។

ក្រោយពេល​រកឃើញ​សាកសព និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួចរាល់ សម​កិច្ច​ជំនាញ​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង២នាក់ ពិតជា​ស្លាប់​ដោយសារ​ប្លង់​សេ​បាក់​សង្កត់​លើ​ប្រាកដ​មែន។ សាកសព​ក៏ត្រូវ​បានប្រគល់​ឲ្យ​សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើតរៀងៗខ្លួន៕