ឈៀងរ៉ៃ៖ នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមជួយសង្គ្រោះបានសម្រេចខួងរណ្តៅនៅច្រកចូលរូងភ្នំ Tham Luang ធ្វើការបង្ហូរទឹកចេញពីរូងភ្នំ ដើម្បីឲ្យអ្នកជំនាញចូលទៅរុករកក្រុមមនុស្សបាត់ខ្លួនចំនួន ១៣នាក់ ដែលជាប់ក្នុងរូងនោះ ។ ហើយការសម្រេចចិត្តធ្វើបែបនេះនៅពេលបានធ្វើការប្រជុំនៅព្រឹកថ្ងៃទី២៨ ខែមិថុនា បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាក ដោយសារទឹកជំនន់នៅក្នុងរូងភ្នំ។ ក្រុមអ្នកជួយសង្គ្រោះក៏កំពុងរុករក ច្រកចូលផ្សេងទៀតជំនួស កន្លែងដែលកំពុងជន់លិចខ្លាំង។
លោកឧត្តមសេនីយ៍ អាណុផុង បាននិយាយថា «យើងមិនអាចធ្វើអ្វីច្រើនឡើយនាពេលឥឡូវនេះ ច្រកចូលសំខាន់ៗត្រូវបានទឹកជន់លិចទាំងស្រុង។ យើងត្រូវរង់ចាំកម្រិតទឹកថយចុះ អ្នកមុជទឹក មិនអាចធ្វើអ្វីបានទេឥឡូវនេះ”។ កម្រិតទឹកបានកើនឡើងខ្លាំង ដោយកើនប្រហែល 15 សង់ទីម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យមានភាពលំបាកខ្លាំង។ លោកឧត្តមសេនីយ៍ បានបន្តថាមានទីតាំងចំនួនបី ដែលអ្នកជួយសង្គ្រោះកំពុងតែមើល ហើយពួកគេនឹងត្រូវធ្វើការជាមួយនាយកដ្ឋានភូគព្ភសាស្ត្រ និងប្រើឧបករណ៍របស់ពួកគេដើម្បីរុករក។ អ្នកជំនាញបានប៉ានស្មានថា ក្មេងប្រុសទាំងនោះជាអ្នកលេងកីឡាអាចនឹងមានសុខភាពល្អ ហើយប្រសិនបើរូងភ្នំដែលជាប់នោះមិនត្រជាក់ខ្លាំង ពួកគេអាចនៅមានជីវិតរស់នៅបានរយៈ៥ថ្ងៃ (គ្មានទឹក) និង រយៈពេលជាង១ខែ (មានទឹក ប៉ុន្តែគ្មានចំណីអាហារ)៕