ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​នុយក្លេអ៊ែរ​នឹង​មិន​បន្ថយ​ល្បឿន​នៃ​ការ​ធ្វើ​សមយុទ្ធ​ខាង​យោធារវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​ទេ។

ពួក​មន្ត្រី​មន្ទីរ​បញ្ចកោណ​បានបញ្ជាក់​ឡើង​វិញ​កាល​ពី​ថ្ងៃ​ពុធ​ថា ​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា Max Thunder and Foal Eagle ដែល​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​រដូវ​ផ្កា​រីក​ប្រចាំ​ឆ្នាំ​ដែល​មានកាល​ពី​៤០​ឆ្នាំ​មុន ​កំពុង​ដំណើរ​ការ​ទៅតាម​ការ​គ្រោង​ទុក។

​កាល​ពី​អតីតកាល ​កូរ៉េខាង​ជើង​បាន​ជំទាស់​ប្រឆាំង​ដល់​សមយុទ្ធ​រវាង​សហរដ្ឋ​អាមេរិកនិង​កូរ៉េខាងត្បូង​ថា «ជា​ការ​ហាត់សម​សម្រាប់​ឈ្លាន​ពាន‍»។ សហរដ្ឋ​អាមេរិកនិង​កូរ៉េខាង​ត្បូងបាន​និយាយថា ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នោះ​ជាការ​ការ​ពារហើយ​មិនមែន​ជាការ​បង្កហេតុ​ទេ។

លោក​វរសេនីយ៍ត្រី Rob Manning អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា «សមយុទ្ធ​ការពារ​ទាំង​នេះ​ជាផ្នែក​មួយ​នៃការ​ហ្វឹក​ហាត់​ជាប្រចាំ ​និង​ប្រចាំ​ឆ្នាំ​រវាង​សាធារណរដ្ឋ​កូរ៉េ​និង​សហរដ្ឋ​អាមេរិក​ដើម្បីធ្វើ​ការ​ប្រុងប្រៀប​ខាង​យោធា។ ខណៈ​ដែល​យើង​នឹង​ពិភាក្សាជាក់លាក់ ​លក្ខណៈ​នៃ​ការការពារ​នោះ​រួមមាន​សមយុទ្ធ​ដែល​បាន​ធ្វើ​ជាច្រើនឆ្នាំ​មក​ហើយ ហើយមិន​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ‍»។

​ទីភ្នាក់​ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាង​ជើង KCNA ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធថា ​«រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​ដែល​បាន​គ្រោង​ធ្វើ​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ដោយ​លើក​ហេតុផល​ពី​សមយុទ្ធ​ខាង​យោធា»៕

Ref: VOA KHMER