ទិន ហ្វី ត្រូវបាន​គេ​វាយតម្លៃថា ជា​តារា​មិនចេះ​និយាយ​ច្រើន គ្មាន​មិត្ត​ភ័ក្ដិ ចរិត​ក្រអឺតក្រទម ប៉ុន្តែ​នៅក្នុង​វិស័យ​ភាពយន្ត​វិញ អាចនិយាយបាន​ថា​គ្មាន​តារា​រូប​ណា​អាច​វ៉ា​មុខ​បាន​សម្រាប់​អ្វីដែល​លោក​ធ្លាប់​សាង​បាន​នោះទេ​។​Stephen Chow ដែល​ត្រូវបាន​ទស្សនិកជន​ខ្មែរ​ស្គាល់​តាមរយៈ​រហស្សនាម ទិន ហ្វី មានឈ្មោះ​ពិត​ថា Chow Sing Chi កើត​នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៦២​។ គ្រួសារ​របស់លោក​មាន​ដើមកំណើត​នៅ​ចិនដីគោក​បន្ទាប់មក​បាន​ធ្វើ​អន្តោ​ប្រវេ​សន្ត​មក​ទីក្រុង​ហុងកុង​។ កាលពី​កុមារភាព ទិន ហ្វី​រស់នៅក្នុង​តំបន់​អានាធិបតេយ្យ​មួយ ពេល​មាន​អាយុ ៧​ឆ្នាំ ឪពុកម្ដាយ​លែងលះគ្នា លោក​រស់នៅ​ជាមួយ​ម្ដាយ អ្នកស្រី Lin Bo Yee ជាមួយនឹង​ប្អូនស្រី​។ ឡើងដល់​ថ្នាក់​អនុវិទ្យាល័យ ក្មេង​ជំទង់​រូបនេះ​បាន​បោះបង់ចោល​ការសិក្សា​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។​

​ការចងចាំ​នូវ​កុមារភាព​ដែល​ពោរពេញ​ទៅដោយ​ទុក្ខលំបាក​វេទនា​ត្រូវបាន​តារា​សម្ដែង​រូបនេះ​រំលឹក​ឡើងវិញ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​។ ម្ដាយ​របស់លោក​តែងតែ​ទុក​របស់​ដែល​ឆ្ងាញ់​បំផុត​ឲ្យ​កូនៗ​។ នៅពេល​កូនៗ​ញ៉ាំ​ហើយ​ទៅ​គាត់​លួច​ញ៉ាំ​ម្ហូប​ដែល​នៅ​សេសសល់​ពី​ពួកគេ​។ មាន​គ្រាមួយ Sing Chi បានធ្វើ​ពុត​ជា​ជ្រុះ​ភ្លៅ​មាន់​ចុះដី ក្រោយមក​ប្រាប់ថា​ខ្ពើម​មិន​ញ៉ាំ​ព្រោះ​ប្រឡាក់​ដី​។ Chi Sing ប្រាប់ថា​នោះ​គឺជា​វិធី​តែមួយគត់​ដែល​លោក​អាច​ទុក​សាច់មាន់​ឲ្យ​អ្នកមានគុណ​ខ្លួន​ពិសា​បាន​។​

​មាន​ម្ដងនោះ ទិន ហ្វី​បាន​លួច​លុយ​របស់​ម្ដាយ ៥០ សេន​ដើម្បី​ទិញ​របស់​លេង​។ “​នៅពេលនោះ ៥០ សេន​គឺ​ច្រើន​ខ្លាំងណាស់ អាច​ទិញ​ម្ហូប​ឲ្យ​គ្រួសារ​បាន​ពេញ​១​ខែ​។ ម៉ាក់​ខ្ញុំ​បានរ​ត់រក​គ្រប់​ទីកន្លែង ហើយ​វាយ​ខ្ញុំ​ឲ្យ​សារភាព តែ​ខ្ញុំ​មិន​ទទួល​ថា​ខ្លួន​លួច​ទេ​ដោយបាន​ប្រកែក​យក​ស្លា​ប់រស់​។ នៅ​ទីបំផុត ម៉ាក់​ស្មានថា​បាត់​មែនទែន​។ នៅពេលនោះ​ខ្ញុំ​ឃើញ​គាត់​អង្គុយ​នៅ​មួយកន្លែង​នៅក្នុង​បន្ទប់​ងងឹត បន្ទោស​ខ្លួនឯង តែ​ខ្ញុំ​នៅតែ​លាក់​លុយ​នោះ ព្រោះ​បើ​ខ្ញុំ​ហ៊ាន​យកចេញ​ប្រាកដជា​ត្រូវ​វ៉ៃ​បន្ថែមទៀត​។ មកដល់ពេលនេះ នឹកឃើញ​ដល់​រឿង​នោះ ខ្ញុំ​នៅតែ​ឈឺចាប់​នៅឡើយ ហេតុ​អី​បានជា​ខ្ញុំ​ហ៊ាន​ធ្វើ​រឿង​បែប​នោះ​។ ក្រោយមក​ខ្ញុំ​បាន​ទៅ​ទិញ​របស់​លេង​ដែល​ខ្ញុំ​ចូលចិត្ត​តែ​មិន​ហ៊ាន​យកមក​ផ្ទះ​ទេ​គឺ​ទុក​នៅផ្ទះ​មិត្ត​ភ័ក្ដិ​។​

ល្បែង​កម្សាន្ត​ជាមួយ​ក្រុម​ក្មេង​ក្រីក្រ​នៅ​ម្ដុំ​ផ្ទះ​របស់ខ្លួន​ធ្វើ​ឲ្យ Stephen Chow ចងចាំ​មិនអាច​បំភ្លេចបាន​។ “​កាលនោះ​ពួក​ខ្ញុំ​លេងល្បែង​វាយ​កន្លាត​។ មិត្ត​ម្នា​ក់បាន​វាយ​កន្លាត​ដោយ​ដៃ​ផ្ទាល់​ទាំង​មិន​ប្រើ​ស្បែកជើង ខ្ញុំ​គិតថា​គាត់​ពិតជា​ក្លាហាន​ខ្លាំងណាស់​ហើយ​បាន​យក​គាត់​ជា​និមិត្តរូប​។ លេង​វាយ​កន្លាត​ជាមួយ​គាត់​ពិតជា​សប្បាយ​”​។

​ធំ​ជាង​នោះ​បន្តិច ទិន ហ្វី ចាប់ផ្ដើម​ជក់​មើល​រឿង ជាពិសេស​គឺ​រឿង​របស់ លី ស៊ា​វ​ឡុង​។ នេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ក្មេងប្រុស​រូបនេះ​មានបំណង​ចង់​ក្លាយជា​តារា​សម្ដែង​ផងដែរ​។​ដើម​ទសវត្ស​ឆ្នាំ ១៩៨០ Sing Chi បាន​បបួល​មិត្ត​ភ័ក្ដិ​របស់ខ្លួន​គឺ​កំពូល​តារា​សម្ដែង Leung Chiv Wai ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​តារា​សម្ដែង​របស់​ប៉ុស្តិ៍ TVB​។ ដើម្បី​ឲ្យ Chiv Wai ងក់ក្បាល​ព្រមទៅ ក្មេង​ជំទង់​រូបនេះ​បាន​និយាយ​ពាក្យ​ផ្អែមល្ហែម​ថាបើ​ល្បីឈ្មោះ​ជីវិត​របស់​ពួកគេ​នឹង​លែង​វេទនា​ទៀតហើយ​។ យ៉ាងណាមិញ នៅពេល​ទៅ​ប្រលង Leung Chiv Wai ជាប់​ឯ Chow Sing Chi ធ្លាក់​។ ក្រោយមក​លោក​បាន​ប្រលង​ជាច្រើន​ដង​ទៀត​ទើបបាន​គេ​ទទួលយក ចាប់ពីពេលនោះ​ទៅ​លោក​ចាប់ផ្ដើម​ដើរតួ​កំប៉ិកកំប៉ុក​ឲ្យ TVB​។​

ចាប់ពី​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ ១៩៨០ ទៅ នៅពេលដែល​តារា​សម្ដែង​វ័យក្មេង Leung Chiv Wai ចាប់ផ្ដើម​ត្រូវបាន​គេ​ស្គាល់មុខ បាន​ដើរ​តួឯក​ក្នុង​រឿង​ល្បីៗ ទិន ហ្វី នៅតែ​ជន​គ្មាន​អ្នកណា​ស្គាល់មុខ បាន​ត្រឹម​ដើរតួ​កំប៉ិកកំប៉ុក​ដូចជា ចោរឆក់ ចោរប្លន់ ពួក​សង្គមងងឹត ឬ​រឹតតែ​អាណោចអាធ័ម​ជាងនេះទៅទៀត​នោះ​គឺ​ដើរតួ​សាកសព​ដេក​មួយកន្លែង​ជាដើម​។ រហូតដល់​ឆ្នាំ ១៩៨៨ Stephen Chow បង្ក​បានការ​ចាប់អារម្មណ៍​នៅពេល​ដើរតួ​ក្រុមសង្គមងងឹត​ក្នុង​រឿង “Final Justice”​។ ភាពយន្ត​មួយ​នេះ​បាន​នាំមក​នូវពាន​រង្វាន់​ទី​១​ក្នុង​ជីវិត​ឲ្យ​លោក​គឺ “​តួអង្គ​រង​ល្អ​បំផុត​” ក្នុង​កម្មវិធី​ប្រគល់​ប្រចាំឆ្នាំ Golden Horse​។ ចាប់ពី​នោះមក អ្នកដឹកនាំ​បាន​មើល​មក ទិន ហ្វី ក្នុង​កែវភ្នែក​ផ្សេង​មួយទៀត ហើយ​ផ្ដល់ឱកាស​ឲ្យ​លោក​បាន​ដើរតួ​អង្គ​សំខាន់​។​

​ឆ្នាំ ១៩៩០ Stephen Chow បាន​ដើរ​តួឯក​ក្នុង​រឿង “All For The Winner”​។ ភាពយន្ត​មួយ​នេះ​គឺជា​រឿង​កំប្លែង​ដែល​ធ្វើតាម​រឿង “​ស្ដេច​ល្បែង​” ដែល​កំពូល​តារា​សម្ដែង Chow Yun Fat ដើរ​តួឯក​។ នៅ​ពេលចេញ​ចាក់ផ្សាយ រឿងនេះ​ទទួលបាន​ជោគជ័យ​ហួស​ពី​ការរំពឹងទុក បំបែក​កំណត់ត្រា​វិស័យ​ភាពយន្ត​ហុងកុង​។ ជា​លើក​ទី​១ ទិន ហ្វី ត្រូវបាន​ជាប់​ជា​បេក្ខភាព “​តារា​សម្ដែង​ប្រុស​ល្អ​ដាច់​គេ​” ក្នុង​កម្មវិធី​ប្រគល់​ធំជាងគេ Golden Statue​។​
​ឆ្នាំ ១៩៩២ Stephen Chow បាន​សម្ដែង​តួឯក​ក្នុង​ភាពយន្ត​ចំនួន ៧ រឿង ដែល​នៅ​ក្នុងនោះ​មាន​រហូតដល់​ទៅ ៥ រឿង​ដែល​ជាប់​ឈ្មោះ​ក្នុង​តារាង​ភាពយន្ត​រកលុយ​បាន​ច្រើនជាងគេ​ប្រចាំឆ្នាំ​។ នេះ​ត្រូវគេ​ចាត់ទុកថា​ជា​ឆ្នាំ​ដែល ទិន ហ្វី ទទួលបាន​ជោគជ័យ​ខ្លាំង​បំផុត​។​
ឆ្នាំ ១៩៩៣ “​និស្សិត​ផ្ដាច់​សង្ខារ​” របស់ ទិន ហ្វី ជាប់​ឈ្មោះ​ជា​ភាពយន្ត​រកលុយ​បាន​ច្រើនជាងគេ​នៅ​ហុងកុង​។ មួយឆ្នាំ​ក្រោយមក Stephen Chow ទទួលយក​តួនាទី​ថ្មី​មួយទៀត​គឺ​អ្នកដឹកនាំ​រឿង ដែល​ក្លាយជា​ទំព័រ​ថ្មី​ផ្សេងទៀត​នៅក្នុង​អាជីព​របស់ខ្លួន​។​​ឆ្នាំក្រោយៗ​មកទៀត ស្ដេច​កំប្លែង​រូបនេះ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​តាមរយៈ​ភាពយន្ត​ដូចជា “០០៧” “​ស្ដេច​ស្វា​ស៊ុន​អ៊ូ​ខុង​” “​ស្ដេច​ចុងភៅ​ទិន​ហ្វី​” និង “​ក្រុមបាល់ទាត់​សៅ​លិញ​” ជាដើម​។ ឆ្នាំ ២០១១ “​ក្រុមបាល់ទាត់​សៅ​លិញ​” ត្រូវបាន​ទស្សនាវដ្ដី Time ជ្រើសរើស​ជា​ភាពយន្ត​១​ក្នុងចំណោម​ភាពយន្ត​ទាំង ២៥ ល្អផ្ដាច់គេ​ក្នុង​ពិភពលោក​។​
ឆ្នាំ ២០០៥ ទិន ហ្វី​បាន​បំបែក​កំណត់ត្រា​របស់ខ្លួន​ឯង​តាមរយ់ៈ​រឿង “​ពូថៅ​ហោះ​”​។ ភាពយន្ត​មួយ​នេះ​បាន​ដណ្ដើមបាន​ពាន “​ភាពយន្ត​ល្អ​ដាច់​គេ​” “​អ្នកដឹកនាំ​រឿង​ឆ្នើម​ជាងគេ​” ក្នុង​កម្មវិធី “Golden Horse”​។ ជាងនេះទៅទៀត វា​ត្រូវបាន​ជាប់​ជា​បេក្ខភាព​ក្នុងការ​ប្រគល់​រង្វាន់ “Golden Globe” របស់​អាមេរិក​ខាង​ផ្នែក “​ភាពយន្ត​និយាយ​ភាសាបរទេស​ល្អ​ជាងគេ​”​។ វណ្ណ​កម្ម​មួយ​នេះ​ក៏​ជាប់​ឈ្មោះ​ក្នុង​តារាង​ភាពយន្ត​ឆ្នើម​ទាំង​១០​ជ្រើសរើស​ដោយ​អ្នកជំនាញ Richard Corliss របស់​ទស្សនាវដ្ដី Time ផងដែរ​។ មកដល់​ឆ្នាំ ២០១៣ ភាពយន្ត “Journey to the West: Conquering the Demons” ដែល​ដឹកនាំ​សម្ដែង​ដោយ Stephen Chow បាន​បំបែក​ឯក​ត្ត​កម្ម​ជាច្រើន​នៅ​ចិនដីគោក​។​

ក្នុង​អាជីព ៣០ ឆ្នាំ​ដឹកនាំ​រឿង​របស់ខ្លួន ទិន ហ្វី បាន​កសាង​តំណែង​ដ៏​សំខាន់​១​នៅក្នុង​វិស័យ​ភាពយន្ត​ចិន​។ លោក​ត្រូវបាន​គេ​ដាក់​ងារ​ឲ្យ​ថា​ជា​ស្ដេច​កំប្លែង​ហុងកុង​ដែល​រឿង​របស់លោក​គឺ​គ្មាន​ដើម​ហើយក៏​គ្មាន​ទីបញ្ចប់​។ កំពូល​អ្នកដឹកនាំ​រឿង Ang Lee ធ្លាប់​ប្រកាសថា​៖ “​បើសិនជា Chow Sing Chi ផលិត​រឿង​កំប្លែង ខ្ញុំ​ស្ម័គ្រចិត្ត​ធ្វើ​តារា​សម្ដែង​របស់គាត់​”​។​​ត្រូវបានគេទទួលស្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ តែ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ទិន ហ្វី និយាយ​តិច មិនសូវមាន​មិត្ត​ភ័ក្ដិ ជីវិត​ឯកជន​ក៏​បិទ​ជិត​។ សាមីខ្លួន​ផ្ទាល់​ក៏​ទទួលស្គាល់ថា​មិត្ត​រួមការ​ងារ​ភាគច្រើន​មិន​ចូលចិត្ត​លោក​។​
បើទោះជា​ដូច្នេះ​មែន គេ​មិនអាច​បដិសេធ​បាន​នូវ​ការលះបង់​របស់​តារា​សម្ដែង​ត្រកូល Chow ចំពោះ​វិស័យ​ភាពយន្ត​ចិន​នោះទេ​។ ថ្មីៗ​នេះ នៅពេល​ត្រូវគេ​អញ្ជើញ​ឲ្យ​បញ្ចេញមតិ​ពី ទិន ហ្វី តារា​សម្ដែង Carina Lau បាន​និយាយថា​៖ “​គាត់​ពិតជា​មនុស្ស​ចម្លែក ពាក់​ម៉ាស​ទៅ​សម្ពោធ​រឿង មួយថ្ងៃៗ​គិតតែ​ពី​ជិះ​កង់​គ្រប់​ទីកន្លែង សក់​ក្បាល​ស្កូវ​អស់​ហើយក៏​នៅតែ​មិន​ខ្វល់​។ គាត់​ជាម​នុស្ស​ពិសេស​ម្នាក់ គ្រប់​គំនិត​ឆ្កួតៗ​ទាំងអស់​នៅពេល​បញ្ចូល​ក្នុង​រឿង​របស់គាត់​បែរ​ក្លាយទៅជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​”​។​
ចំពោះ​ជីវិត​ស្នេហា​វិញ ធ្លាប់មាន​តារា​ស្រី​ជាច្រើន​បាន​ឆ្លងកាត់​ជីវិត​តារា​សម្ដែង​អាយុ ៥៦ ឆ្នាំ​រូបនេះ តែ​លោក​បានទទួល​ស្គាល់​តែ​ចំណង​ស្នេហ៍​ជាមួយ Athena Chu ដៃគូ​ថត​រឿង “​ស្ដេច​ស្វា​ស៊ុន​អ៊ូ​ខុង​” តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​បើទោះជា​មាន​វ័យ​ជ្រេ​ហើយក៏​ដោយ ទិន ហ្វី ក៏​មិនដែល​គិតពី​រឿង​គូស្រក​អ្វី​ដែរ​៕