(ព្រះវិហារ)៖ ដោយសារតែការទន្ទឹងរងចាំ ពាក្យសន្យាខ្យល់របស់មន្ត្រីថ្នាក់ក្រោមជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមកហើយនោះ ទើបនៅព្រឹកថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ១១២នាក់ តំណាងឱ្យប្រជាពលរដ្ឋ១០៤៥គ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានប្រមូលផ្ដុំគ្នាមកធ្វើការតវ៉ា ស្រែកទាមទារ រករបបដីស្រែពួកគាត់វិញ។
សូមបញ្ជាក់ថា ដីដែលប្រជាពលរដ្ឋទាមទារខាងលើ គឺសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ឱ្យនៅក្នុងមួយគ្រួសារ២ហិកតាជាដីថ្នូទៅនឹងការដោះដូរលំនៅឋានពីភូមិ«គ១» ដើម្បីធ្វើការបង្កបង្កើនផល ប៉ុន្តែអ្វីដែលសំខាន់នោះ គឺពួកគាត់បានត្រឹមតែការរងចាំពីមួយឆ្នាំទៅមួយឆ្នាំ
តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៩នេះ គឺនៅសល់តែការសន្យាឱ្យរងចាំដ៏ដែល «សន្យាខ្យល់» ក្រោយពីអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តអះអាងថា រងចាំមានថវិការ ដើម្បីដោះមីន និងធ្វើផ្លូវឲ្យរួចសិន ទើបបែងចែកឱ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផល។
ជុំវិញការអះអាងរបស់អាជ្ញាធរនោះផងដែរ ពួកគាត់បានស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដែលទើបនឹងឡើងកាន់តំណែងថ្មី មេត្តាជួយពន្លឿននៅក្នុងរឿងដីស្រែរបស់ពួកគាត់ម្នាក់២ហិកតានេះ។
ទោះបីជាមិនទាន់មានផ្លូវក៏ដោយ ឱ្យតែបែងចែកដីស្រែរបបសម្តេចផ្តល់ឱ្យ ចំពោះការធ្វើផ្លូវ ចាំធ្វើនៅពេលក្រោយក៏បានដែរ សំខាន់ឱ្យតែពួកគាត់បានដីសម្រាប់ធ្វើការអាស្រ័យផលសិន។
លោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត បានលើកឡើងបញ្ជាក់ថា ក្នុងនាមលោកជាអាជ្ញាធរដែនដី លោកមិនចង់ឃើញប្រជាពលរដ្ឋលោកមានគ្រោះថ្នាក់ដោយសារគ្រាប់មីន នៅពេលដែលចុះទៅធ្វើការរុករានលើផ្ទៃដីដែលអាជ្ញាធរ នៅមិនទាន់បានធ្វើការដោះសំអាតគ្រាប់មីនរួច។
លោកអភិបាលស្រុក ក៏បានលើកឡើងដែរថា នៅពេលបច្ចុប្បន្ននេះ ឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្តព្រះវិហារ កំពុងតែធ្វើការស្នើសុំទៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រ ចូលទៅត្រាសសេ ដើម្បីធ្វើផ្លូវហើយ។
ជាមួយគ្នានោះលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក៏បានធ្វើការស្នើសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយលោកទទួលស្គាល់ថា ការដោះស្រាយរបស់អាជ្ញាធរពិតជាមានការយឺតយ៉ាវមែន ព្រោះថាផ្ទៃដីចំនួន៥០០០ហិកតានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបតែសម្រេចកាត់ឱ្យ នៅឆ្នាំ២០០៦។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយោគយល់ហើយរងចាំ ឱ្យថ្នាក់ដឹកនាំបន្តធ្វើការដោះស្រាយចប់ នៅក្នុងអំឡុងពេលខែ២ និងខែ៣ ដើមឆ្នាំ២០២០ខាងមុននេះ៕ នគរវត្ត