អ្នកស្រី ងិន ម៉ានីយ៉ា គឺជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះមួយរូប ដែលធ្លាប់បាននិពន្ធចម្រៀងឲ្យតារាល្បីៗកន្លងមក ហើយក៏ជាម្ដាយបង្កេីតរបស់តារាសម្ដែង ថៃ នរៈពិទូ ដែលជាអតីត Freshie Boy លេខ ១ ឆ្នាំ ២០០៧ និង អតីត Freshie girl លេខ ២ ឆ្នាំ ២០១០ កញ្ញា ថៃ នារីសុជាតា។ យ៉ាងណាមិញអស់មួយរយៈពេលហើយដែលគេលែងឃើញអ្នកនិពន្ធជើងចាស់រូបនេះលែងបញ្ចេញស្នាដៃផ្សេងៗ ធ្វើឲ្យមហាជនជាច្រើនសម្តែងការងើយឆ្ងល់ជាខ្លាំង។

ក្នុងនោះផងដែរនៅមុននេះបន្តិចអ្នកស្រី ក៏បានបកស្រាយដើម្បីបំបាត់ចម្ងល់ប្រិយមិត្ត ដោយបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “មានបងប្អូន កូនក្មួយជាច្រើន ដែលចាប់អារម្មណ៍ បាន Chat និង Comment មកសួរខ្ញុំថា ហេតុអី្វបានជា ខ្ញុំឈប់បន្តការតែងនិពន្ធទៀត.? អរគុណអ្នកទាំងអស់ ដែលចាប់អារម្មណ៍! ចម្លើយយ៉ាងខ្លី គឺចង់និយាយថា អស់កម្លាំងចិត្តនឹង សរសេរទៀត ព្រោះស្រុកយើងគេមិនបានផ្ដល់តម្លៃដល់អ្នកនិពន្ធទេ អញ្ចឹងហើយទើបខ្ញុំមិនចង់ប្រើខួរក្បាលខ្ញុំ ឲ្យវានឿយហត់ទៀតធ្វើអីដែរ។ នេះហើយ ជាចម្ងល់ របស់បងប្អូនចា៎”។ គួរបញ្ចាក់ផងដែរថាអ្នកស្រី ងិន ម៉ានីយ៉ា មានស្នាដៃនិពន្ធទំនុកច្រៀងក្នុងបទល្បីៗដូចជា  “ឈឺចាប់តូចតាច”, “នឹកពៅនៅកន្លែងចាស់” និង “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា”  ជាដើម៕