ភ្នំពេញ៖ នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានប្រាប់ភាគី ជប៉ុន លោក ម៉ាសាតុ អូតាកាអគ្គនាយករងនៃការិយាល័យគោលនយោបាយការបរទេស
និងជាឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ នៃក្រសួងការបរទេសជប៉ុន ថា កម្ពុជាជាប្រទេស ដែលមានការបើកសិទ្ធិសេរីភាព ទូលាយជាងគេ នៅក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅក្នុងអាស៊ី។
សូមបញ្ជាក់ថានៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំនូវកិច្ចសន្ទនា ស្តីពីសិទ្ធិមនុស្សកម្ពុជា-ជប៉ុនលើកទី១០ ដែលប្រព្រឹត្តទៅ ក្រោមវត្តមានលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រួមទាំងតំណាងក្រសួងពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភាគីជប៉ុន ដឹកនាំដោយលោក ម៉ាសាតុ អូតាកា អគ្គនាយករង នៃការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ នៃក្រសួងការបរទេសជប៉ុន។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយភាគីជប៉ុន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ថា ភាគីជប៉ុនបានសម្ដែងការព្រួយបារម្ភ រឿងរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនលោកកឹម សុខា
ប្រធានអតីតគណបក្សសង្គ្រោះជាតិ រួមទាំងការជួបជុំរបស់ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម នៅកណ្ដាលរាជធានីភ្នំពេញផងដែរ។
ប៉ុន្តែលោក កែវ រ៉េមី បានបកស្រាយទាំងអង្គហេតុ និងអង្គច្បាប់ ប្រាប់ទៅភាគីជប៉ុន ដែលតុលាការកម្ពុជា បានអនុវត្តទៅលើគណបក្សសង្គ្រោះជាតិ និងការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ចំពោះសិទ្ធិនៃការជួបជុំរបស់អង្គការសង្គមស៊ីវិលវិញ លោក បានបញ្ជាក់ថា កម្ពុជាមិនបានរឹតត្បិតសិទ្ធិសេរីភាពនៃការជួបជុំនោះឡើយ។
ជាមួយគ្នានេះ លោក កែវ រ៉េមី បានអួតប្រាប់ជប៉ុនផងដែរថា កម្ពុជាជាប្រទេស ដែលមានការបើកសិទ្ធិសេរីភាព ទូលាយជាងគេ នៅក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅក្នុងអាស៊ី។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានបញ្ជាក់ប្រាប់ភាគីជប៉ុនទៀតថា កម្ពុជា បានអនុញ្ញាតឲ្យបន្តអាណត្តិរបស់អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សប្រចាំកម្ពុជា ការិយាល័យឧត្តមស្នងការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហើយមានតែកម្ពុជាទេ មានលក្ខណៈពិសេស គឺខុសប្លែកពីគេត្រង់ថា ក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ី សួរថា ប្រទេសណាដូចកម្ពុជាដែលអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជាពិនិត្យមើលរឿងសិទ្ធិមនុស្ស៕