ខេត្តក្រចេះ ៖ ស្ដ្រីជាប្រពន្ធដោុសាររស់នៅមិនចុះសម្រុងគ្នាឧស្សាហ៍មានរឿងរកាំរកូសនិងគ្នាញឹកញាប់គ្មានសុភមង្គលក្នុងគ្រួសារ ទើបនាងដាច់ចិត្តដាក់ពាក្យបណ្ដឹងសុំលែងលះជាមួយប្ដី ប៉ុន្ដែបែរជាបានធ្វើឲ្យបុរសជាប្ដីខឹងចិត្តជាខ្លាំង ចិញ្ចឹមចិត្តចងអាឃាតជាមួយស្ដ្រីជាប្រពន្ធខណៈនាងជិះម៉ូតូត្រឡប់មកពីទិញបង្អែមវិញ ក៏ត្រូវបុរសជាប្ដីស្ទាក់កាប់តាមផ្លូវស្លាប់ភ្លាមតែម្ដង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧ និង៣០នាទីយប់០៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សីខេត្តក្រចេះ។
ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធ។ ជនសង្ស័យ ឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី អ្នកទាំងពីរ មានទីលំនៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកន្លងមកអ្នកទាំងពីរ មានជម្លោះរកាំរកូសគ្នាញឹកញាប់ ក្នុងគ្រួសាររហូតដល់ស្រ្ដីជាប្រពន្ធបានសម្រេចចិត្តដាក់ពាក្យបណ្តឹង សុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រា ជាប្ដីមិនយល់ព្រមឡើយ។
លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា៧យប់ ជនរងគ្រោះបាន ជិះម៉ូតូទៅទិញបង្អែមពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ពេលនេះ សមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដើម្បីចាប់ខ្លួន ចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ PNASIA