សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី លោក Mohamad Imran Abd Hamid បានស្នើច្បាប់ស្តីពីការយាយីផ្លូវភេទ ដែលការពារបុរសពីការលួងលោមនានា ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋផ្លូវភេទ ។
លោក Hamid បាននិយាយថា “ខ្ញុំស្នើសុំច្បាប់ស្តីពីការបៀតបៀនផ្លូវភេទដើម្បីការពារបុរស ពីសកម្មភាព, ពាក្យសម្តី និង សំលៀកបំពាក់របស់មនុស្សស្រី ដែលអាចបណ្តាលឱ្យបុរសធ្លាក់ក្នុងការលួងលោម រហូតដល់អាចប្រព្រឹត្តិអំពើអនាចារ ដូចជា រំលោភសេពសន្ធវៈជាដើម” ។
លោក Hamid ក៏បានបន្ថែមទៀតថា “វាគឺជារឿងសំខាន់ បុរសត្រូវតែទទួលបានការការពារ ។ សកម្មភាព និង សំលៀកបំពាក់របស់មនុស្សស្រី អាចលួងលោមមនុស្សប្រុសឱ្យល្មើសច្បាប់ និង បង្កបទល្មើសបាន” ។
នៅក្នុងការឆ្លើយតប អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី លោក Abd Halim Abd Samad បាននិយាយថា ការស្នើសុំរបស់លោក Hamid គឺជាទស្សនៈល្អមួយ ។ ទោះជាយ៉ាងណា ការស្នើសុំនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំង ។
យ៉ាងណាមិញ សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី លោក Anwar Ibrahim ដែលជាមេដឹកនាំគណបក្សយុត្តិធម៌របស់ប្រជាជន (People’s Justice Party) បានបដិសេធចំពោះសំណើរនេះ ដោយអះអាងថា វាមិនសមហេតុផល និង ប្រមាថមើលងាយលើមនុស្សស្រីថែមទៀតផង ៕ ប្រជាប្រិយ