ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ស៊ើបអង្កេតអាជីវកម្មឈើខ្នាតធំរបស់ក្រុមហ៊ុន ទ្រី ភាព និងត្រូវអនុវត្តច្បាប់ព្រៃឈើឱ្យបានពេញលេញចំពោះឧកញ៉ារូបនេះ ។
ពួកគេរកឃើញថា លោក ទ្រី ភាព គឺជាអ្នកនៅពីក្រោយខ្នងនៃអាជីវកម្មឈើខុសច្បាប់ ដែលដឹកជញ្ជូនចេញ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឋិតក្នុងចន្លោះខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ។
អ្នកឃ្លាំមើលព្រៃឈើរកឃើញថា ក្រុមហ៊ុន ទ្រី ភាព បានរួមចំណែកបំផ្លាញព្រៃអភិរក្សទ្រង់ទ្រាយធំជាច្រើនឆ្នាំមកហើយ ។ សកម្មភាពកាប់ឈើទាំងនោះ ក្រុមហ៊ុន បានបើកដេប៉ូប្រមូលទិញឈើ ៣ទីតាំងផ្សេងគ្នា ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលអង្កេតរឿងនេះឱ្យដឹងនៅថ្ងៃទី២៨ កក្កដា ថា ប្រសិនបើ អាជ្ញាធរមិនចាប់ខ្លួន លោក ទ្រី ភាព ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ទេ លោកគ្មានសង្ឃឹមថា ព្រៃឈើដែលនៅសល់ចុងក្រោយ នឹងឋិតថេរគង់វង្សនោះឡើយ ។
លោករកឃើញថា ឧកញ៉ារូបនេះ ជាអ្នកនៅពីក្រោយខ្នងនៃធ្វើអាជីវកម្មព្រៃឈើខ្នាតធំ ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ។ លើសពីនេះផ្ទៃដី ដែលក្រុមហ៊ុនទ្រី ភាព ទទួលសិទ្ធិវិនិយោគក្នុងឃុំប្រមោយ ស្រុកវាលវែង ពុំមានឈើធំៗសម្រាប់ធ្វើអាជីវកម្មទៀតទេ ។
រីឯឈើដែលធ្វើអាជីវកម្មកន្លងទៅ ជាឈើដឹកចេញពីព្រៃការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំណុចភ្នំក្បាលខ្មោច ជាប់ព្រំប្រទល់ស្រុកថ្មបាំង ខេត្តកោះកុង និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។
សកម្មជនបរិស្ថានរូបនេះរកឃើញថា ក្រុមហ៊ុន ទ្រី ភាព បានបើកទីតាំងធ្វើអាជីវកម្មឈើចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងស្រុកវាលវែងជាច្រើនឆ្នាំមកហើយ ហើយមកទល់ពេលនេះ សកម្មភាពកាប់ផ្តួលរំលំឈើក្នុងព្រៃអភិរក្ស នៅតែបន្តកើតមាន។
អាស៊ីសេរីមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុន ទ្រី ភាព ដើម្បីសុំការបំភ្លឺ ជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៨ កក្កដា ។ ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី មិនលើកទូរស័ព្ទនៅថ្ងៃដដែលនេះ ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា គណៈកម្មការជាតិត្រូវស្រាវជ្រាវ និងស៊ើបអង្កេត អាជីវកម្មឈើ របស់ លោក ទ្រី ភាព ឱ្យស៊ីជម្រៅ និងត្រូវអនុវត្តច្បាប់ព្រៃឈើឱ្យពេញលេញ ព្រោះកន្លងទៅក្រុមហ៊ុន ទ្រី ភាព បានរួមចំណែកធ្វើឱ្យបាត់បង់ទំហំព្រៃឈើធំធេងជាប្រព័ន្ធដោយគ្មានការស៊ើបអង្កេត ។
លោកថា ច្បាប់ស្ដីពីព្រៃឈើ បានកំណត់អាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋព្រៃឈើមានរយៈពេល ១៥ឆ្នាំ ដែលទាមទារឱ្យគណៈកម្មការជំនាញត្រូវស្រាវជ្រាវ រឿងនេះ និងអនុវត្តច្បាប់ជាធរមាន។
សកម្មជនបរិស្ថានរកឃើញថា បច្ចុប្បន្នមានកម្មករជាច្រើនក្រុម កំពុងសម្ងំកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ ក្រុមកម្មករទាំងនោះ បានលួចអាររំលំឈើ រួចកាត់ចុង និងគល់ បំណងត្រៀមដឹកជញ្ជូនចេញក្រៅលក់ឱ្យក្រុមហ៊ុន ទ្រី ភាព ។
ក្រុមសកម្មជនអះអាងថា ការកាប់ឈើក្រៅក្រុមហ៊ុន គឺជាករណីខុសច្បាប់ ដែលគណៈកម្មការជាតិទប់ស្កាត់បទល្មើសព្រៃឈើត្រូវបង្ហាញភាពស្មោះត្រង់ អនុវត្តច្បាប់ឱ្យស្មើភាព និងយុត្តិធម៌៕ RFA