ភ្នំពេញ៖ នាឪកាសចុះ ពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ដែលបាន និងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញនា ព្រឹកថ្ងៃទី២៩ ខែកក្កដានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “អភិក្រមនៅតែបន្តគ្មានការរាថយឡើយ ដោយរឿងជាច្រើនបានដាក់ចូលអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ជាបន្តបន្ទាប់” ។
សម្តេចបញ្ជាក់បែបនេះបានធ្វើឡើងក្រោយពី អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ លោកឪម យិនទៀង បានចុះទៅឃាត់ខ្លួន ប្រធានមន្ទីរ អនុប្រធាន និង មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ដោយទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់ រោងចក្រ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ពាក់ព័ន្ធការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយទារលុយពីប្រជាពលរដ្ឋ ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចាប់ខ្លួនមន្ត្រីទាំងនេះ បានធ្វើឡើងក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្រុងពោធិ៍សាត់ ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ដែលចាប់ខ្លួន មានដូចជាៈ ១. លោក លៀម ប៊ុនរឿម ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តពោធិ៍សាត់។ ២. លោក ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និង៣. លោក តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការចាប់ខ្លួននេះគឺដោយសារមន្រ្តីទាំង៣មានជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយទារថ្លៃសេវាពីប្រជាពលរដ្ឋដោយខុសច្បាប់។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងតាមសារអេឡិចត្រូនិកនៅក្នុងគ្រុមតេឡាក្រាម “សភាព្រោកប្រាជ្ញ” ថា ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ បានទារលុយគេ ៤ម៉ឺនដុល្លារ គេមិនព្រមបង្កការលំបាកខ្លាំង ទាល់តែគេមកអង្វរ ទារគេដល់១០ម៉ឺនដុល្លារទើបចេញច្បាប់សាងសង់អោយគេ។ ហើយត្រូវកក់ភ្លាម ៥០ % (៥ម៉ឺនដុល្លារ)។
ហើយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ គេកក់ ៥ពាន់ដុល្លារ នៅបន្ទប់ការិយាល័យប្រធានតែម្តង ហើយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កក់អោយ៤ម៉ឺន៥ពាន់ដុល្លារទៀតបង្គ្រប់ ៥០% នៅភោជនីយដ្ឋានមហាលាភ ទើបអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមកតែម្តង។ PNASIA