អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យក្រុមហ៊ុន សុខ សុខា បញ្ឈប់សកម្មភាពកាយភ្នំនៅស្រុកបាធាយជាបន្ទាន់ និងរង់ចាំការដោះស្រាយពីរាជរដ្ឋាភិបាល ។
ការបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនកាយដីភ្នំនេះ បានធ្វើឡើងក្រោយពេលដែលអភិបាលខេតកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះទៅពិនិត្យមើលទីតាំងដែល ក្រុមហ៊ុន សុខ សុខា កំពុងធ្វើអាជីវកម្មយកថ្មភ្នំខុសច្បាប់ នៅភូមិក្រដាស់ ឃុំតាំងក្រាំង ស្រុកបាធាយ ។
អភិបាលខេត្តកំពង់ចាម លោ អ៊ុន ចាន់ដា ក៏បានបញ្ជាឱ្យក្រុមហ៊ុននេះ ត្រូវរើសម្ភារចេញពីតំបន់នេះជាបន្ទាន់ និងតម្រូវឱ្យក្រុមហ៊ុនធ្វើការទំនាក់ទំនងជាមួយនឹងអាជ្ញាធរដែនដីឱ្យបានត្រឹមត្រូវ ព្រមទាំងបានសម្រេច ទុកតំបន់នោះឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សាធារណៈវិញ ។
បើតាមតំណាងប្រជាពលរដ្ឋនៅភូមិក្រដាស់ បានក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ក្រុមហ៊ុន សុខ សុខា បានធ្វើសកម្មភាពយកថ្មភ្នំគោ ដោយគ្មានច្បាប់ចេញពីក្រសួងរ៉ែ និងថាមពល នោះឡើយ ។
ពលរដ្ឋ បានឱ្យដឹងបន្ថែមថា ចំណុចភ្នំគោ ដែលក្រុមហ៊ុន សុខ សុខា កំពុងធ្វើអាជីវកម្មអត់ច្បាប់នេះ គឺជាតំបន់ទីទួលសុវត្ថិភាព ដែលប្រជាពលរដ្ឋនៅតំបន់នេះ មករស់នៅបណ្ដោះអាសន្ន នៅពេលមានទឹកជំនន់ជន់លិចភូមិម្តងៗ ។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅឃុំតាំងក្រាំង បានផ្ទុះការតវ៉ាចំពោះក្រុមហ៊ុន សុខ សុខា ដែលបានធ្វើការកាយភ្នំធំនៅស្រុកបាយធាយ រលាយរាបស្មើធេង និងរៀបចំបន្ដទៅកាយភ្នំមួយកន្លែងទៀត ដោយបានអះអាងថា សកម្មភាពនោះ មិនមែនមានច្បាប់នោះទេ ៕