ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនបន្ទាប់ពីបុរសម្នាក់នេះប្រើល្បិចបោកប្រាស់ដោយកុម៉្មង់ទំនិញតាមអនឡាញ ណាត់ឱ្យយកមកឱ្យ រួចលើកទំនិញដាក់កង់បីបើកចេញ ដោយប្រាប់ឱ្យយកលុយពីអ្នកផ្សេង តែជនរងគ្រោះដឹងល្បិចក៏ដេញតាមចាប់ឱ្យប៉ូលិស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឱ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះអេង លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តុ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះហៃ ផល្លាភ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនអាឡាដាំង ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលទំពូង ខណ្ឌចម្ការមន។ សម្ភារៈបន្សល់ទុកទូរទស្សន៍៣២អ៊ីង១គ្រឿង និងម៉ាស៊ីនរត់ហាត់ប្រាណ១គ្រឿង។
ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានកុម៉្មង់ទិញទំនិញតាមអនឡាញពីជនរងគ្រោះ លុះដល់ម៉ោងកើតហេតុជនរងគ្រោះបានឱ្យបុគ្គលិកយកទំនិញខាងលើទៅប្រគល់ឱ្យជនសង្ស័យនៅម្តុំផ្សាររតនាផ្លាហ្សា
ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅខាងមុខហាងស៊ុបចិន ដោយបានឱ្យជនរងគ្រោះទុកទំនិញនៅមុខហាងស៊ុបចិន ហើយប្រាប់ឱ្យចាំយកលុយពីម្ចាស់ហាងនោះ រួចជនសង្ស័យបានជិះម៉ូតូកង់បីចេញទៅបាត់។
ប្រភពបន្តថា ភ្លាមនោះបុគ្គលិករបស់ក្រុមហ៊ុននឹកឃើញពីល្បិចបោក ក៏បានជិះដេញតាម ហើយបានឃាត់ខ្លួនជនសង្ស័យនៅម្តុំមុខក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យប្រើល្បិចឆបោក ។
ក្រោយចាប់ឃាត់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកទៅឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី”